Articles




“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។”


បងប្អូនអ្នកមានជំនឿទាំងឡាយ! នៅក្នុងខុតបះមុន យើងបានលើកឡើងអំពីប្រភពចំនួន ៣ នៃប្រភពគំនិតដែលជាប់ជំពាក់នឹងការគោរពផ្នូរ នៅក្នុងសហគមន៍អ៊ីស្លាម ដែលគួរតែត្រូវបានសិក្សាស្វែងយល់។ ហើយនៅថ្ងៃនេះ យើងនឹងនិយាយអំពីប្រភពចំនួន ៣ ផ្សេងទៀត ដើម្បីជាចំណេះដឹង និងការប្រុងប្រយ័ត្ន ដោយយោងតាមអ្វីដែលអល់ឡោះបានផ្តល់ភាពងាយស្រួល។


ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! ប្រភពទី ៤ នៃប្រភពដែលនាំឲ្យមានការលើកតម្កើងផ្នូរនៅក្នុងប្រទេសមួយចំនួន គឺ៖ ការទទួលយកនូវគំនិតនេះ ដោយ អ្នកប្រាជ្ញ មួយចំនួននៃប្រទេសទាំងនោះ និងការអំពាវនាវទៅរកវា។


ចូរនិយាយចុះអំពីផលប៉ះពាល់នៃការព្យុះសាសនារបស់អ្នកប្រាជ្ញ ទៅលើប្រទេសជាតិ និងទៅលើប្រជាជន ដោយមិនបាច់លាក់លៀមឡើយ។ ការភ្លាត់ស្នៀតរបស់អ្នកប្រាជ្ញ - មិនថាដោយចេតនាល្អ ឬចេតនាអាក្រក់ - គឺជាវាំងននដ៏ធំបំផុតរវាងប្រជាជនទូទៅ និងការយល់ដឹងដ៏ត្រឹមត្រូវអំពីគោលបំណងនៃសាសនា និងអត្ថបទនៃគម្ពីរអាល់គួអាននិងស៊ុណះ។ នេះក៏ព្រោះតែជាទូទៅ មនុស្សសាមញ្ញតែងតែដើរតាមអ្នកប្រាជ្ញរបស់ពួកគេនៅក្នុងបញ្ហាសាសនា។


ព្យាការី ☺ បានព្រមានអំពីការភ្លាត់ស្នៀតរបស់អ្នកប្រាជ្ញ។ អាល់បៃហាគីបានរាយការណ៍ពី អ៊ិបនូអូមើរ ÷ ថា៖ អ្នកនាំសាររបស់អល់ឡោះ ☺ បានមានប្រសាសន៍ថា៖


> إِنَّ أَشَدَّ مَا أَتَخَوَّفُ عَلَى أُمَّتِي ثَلَاثٌ: زَلَّةُ عَالِمٍ، وَجِدَالُ مُنَافِقٍ بِالْقُرْآنِ، وَدُنْيَا تَقْطَعُ أَعْنَاقَ الرِّجَالِ <


«ពិតប្រាកដណាស់ អ្វីដែលខ្ញុំព្រួយបារម្ភបំផុតចំពោះប្រជាជាតិរបស់ខ្ញុំមានបីយ៉ាង៖ ការភ្លាត់ស្នៀតរបស់អ្នកប្រាជ្ញ, ការជជែកវែកញែករបស់ជនពុតត្បុត ដោយប្រើគម្ពីរអាល់គួអាន, និងលោកិយ ដែលកាត់ករបស់បុរសទាំងឡាយ (ធ្វើឲ្យពួកគេវិនាស)»


ដូចគ្នាដែរ ព្យាការី ﷺ បានព្រមានអំពី «បណ្ដាមេដឹកនាំដែលនាំគេឱ្យវង្វេង»  គឺអ្នកប្រាជ្ញអាក្រក់។ ពី សាវបាន ÷ ថា អ្នកនាំសាររបស់អល់ឡោះ ﷺ មានប្រសាសន៍ថា៖


> إِنَّمَا أَخَافُ عَلَى أُمَّتِي الْأَئِمَّةَ الْمُضِلِّينَ <


«ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចចំពោះប្រជាជាតិរបស់ខ្ញុំ គឺបណ្តាអ៊ីម៉ាំដែលនាំគេឲ្យវង្វេង»


អ៊ូម៉ារ ÷ បាននិយាយថា៖


> يُفْسِدُ الزَّمَانَ ثَلَاثَةٌ: أَئِمَّةٌ مُضِلُّونَ، وَجِدَالُ مُنَافِقٍ بِالْقُرْآنِ وَالْقُرْآنُ حَقٌّ، وَزَلَّةُ الْعَالِمِ <


«អ្វីដែលធ្វើឱ្យខូចសម័យកាលមានបី៖ មេដឹកនាំដែលនាំឱ្យគេវង្វេង, ការជជែកវែកញែករបស់ជនពុតត្បុតដោយប្រើគម្ពីរគួរអាន ទាំងដែលគួរអានគឺជាសច្ចធម៌, និងការភ្លាត់ស្នៀតរបស់អ្នកប្រាជ្ញ។»


បងប្អូនមូស្លីមទាំងឡាយ! ជាឧទាហរណ៍នៃភាពវង្វេងរបស់អ្នកដែលតាំងខ្លួនជាអ្នកចេះដឹងខ្លះ គឺអ្វីដែល ស្ហៃខ យ៉ះយ៉ា ប៊ីន ហាំហ្សះ បាននិយាយ —ដូចដែល អ៊ីម៉ាំ អាល់-ម៉ះឌី បានដកស្រង់ក្នុងសៀវភៅ «Al-Bahr Al-Zakkhar»— ថា៖ «បញ្ហា៖ មិនមានអ្វីខុសទេចំពោះការធ្វើដំបូល និងចេតិយ លើផ្នូររបស់ជនថ្លៃថ្នូរ ដោយសារតែការអនុវត្តរបស់ជនមូស្លីម ហើយវាមិនត្រូវបានគេហាមឃាត់នោះទេ»។ បន្ទាប់មកអ៊ីម៉ាំអាល់ម៉ះឌី បានដើរតាមគំនិតនេះនៅក្នុងសៀវភៅរបស់គាត់ "الأزهار في فقه الأئمة الأطهار"។


ប៉ុន្តែ អ៊ីម៉ាំ អើសស្ហាវកានី ‘ បានតបតវិញនៅក្នុងសៀវភៅរបស់គាត់៖ "Sharh as-Sudur fi Tahrim Raf' al-Qubur" ។


ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ!


កត្តាទី ៥: ក្នុងចំណោមកត្តាដែលធ្វើឱ្យគំនិតគោរពផ្នូរនៅតែបន្ត ផលប្រយោជន៍ដែលអ្នកដឹកនាំទទួលបានពីពួកស្ហៃខនៃក្រុមគោរពផ្នូរ ក្នុងការប្រើប្រាស់សាសនាតាមតែពួកគេចង់បាន ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់ខ្លួន។


ដូចជាការប្រារព្ធពិធីបុណ្យម៉ាវលីទ (ខួបកំណើត) និងភាពអធិកអធមរបស់ស្ដេច។ គេតែងនិយាយថា គាត់គឺជាបុរសសុចរិតដែលស្រឡាញ់ពួក "វ៉ាលី"(អ្នកសច្ចំ)។ ការនេះធ្វើឡើងដើម្បីជាថ្នូរនឹងសម្ភារៈ (លុយ) ឬមិនមែនសម្ភារៈ។


ក្រុមស៊ូហ្វី នៅសម័យរបបរាជានិយមនៅអេហ្ស៊ីប តែងតែផ្តល់នូវភាពស្របច្បាប់តាមផ្លូវសាសនា ដល់ពិធីបុណ្យពិសេសៗដែលទាក់ទងនឹងអ្នកដឹកនាំ ដូចជាការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ស្តេច និងការរំលឹកខួបមរណភាពដ៏ក្រៀមក្រំនៃសមាជិកគ្រួសាររាជវង្ស។ ជាថ្នូរមកវិញ ក្រុមទាំងនោះទទួលបានរង្វាន់ជាសម្ភារៈ និងកិត្តិយសពីអ្នកដឹកនាំ។


ដោយហេតុនេះ ការការពារជាផ្លូវការត្រូវបានផ្តល់ឲ្យក្រុមស៊ូហ្វីទាំងនោះ ព្រមទាំងនិមិត្តរូប និងអំណោយវ៉ាកហ្វ របស់ពួកគេ។ ផ្លូវត្រូវបានត្រួសត្រាយសម្រាប់ការរីកសាយភាយ និងការជ្រៀតចូលដ៏មានសុវត្ថិភាពរបស់ពួកគេនៅក្នុងមជ្ឈដ្ឋានសាធារណៈ ទោះបីជាគ្មានការជឿជាក់លើក្រុមទាំងនោះពីសំណាក់អ្នកនយោបាយក៏ដោយ» ។( )


លើសពីនេះ អ្នកដឹកនាំបានកេងចំណេញពីអ្នកប្រាជ្ញស៊ូហ្វីដែលគោរពផ្នូរមួយចំនួន ដើម្បីបង្វែរអារម្មណ៍ប្រជាជនចេញពីពួកគេ។ ដូចដែលអ្នកស្រាវជ្រាវ Ali bin Bakhit Al-Zahrani ‘ បាននិយាយថា៖ «ស្តេច និងអ្នកដឹកនាំជាច្រើននៅក្នុងសម័យនោះ បានងាកទៅរកការកសាងចេតិយ និងចំណាយប្រាក់លើវា។ មិនមែនដោយសារជំនឿលើវាទេ ប៉ុន្តែដើម្បីផ្គាប់ចិត្តអារម្មណ៍របស់មនុស្ស និងព្យាយាមទិញយកភក្តីភាពរបស់ពួកគេ និងធ្វើការបង្វែរពួកគេឲ្យរវល់នឹងចេតិយទាំងនោះ ដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ។ នេះដើម្បីឲ្យអ្នកដឹកនាំមានអារម្មណ៍សុវត្ថិភាពពីការបះបោរ និងការប្រឆាំងរបស់ប្រជាជន ដែលជាលទ្ធផលនៃការគាបសង្កត់ និងការជិះជាន់ដែលពួកគេបានប្រព្រឹត្ត។


ផ្ទុយទៅវិញ រឿងនោះ(ការកសាងចេតិយ) បានក្លាយជាសញ្ញានៃភាពសុចរិត និងយុត្តិធម៌របស់អ្នកដែលធ្វើវា ក្នុងចំណោមអ្នកដឹកនាំ និងមេបញ្ជាការ។ អ្នកណាដែលផ្តល់កិត្តិយសដល់ពួក "វ៉ាលី"(តាមការអះអាងរបស់ពួកគេ) សាងសង់ដំបូលលើផ្នូររបស់ពួកគេ ទៅសួរសុខទុក្ខផ្នូររបស់ពួកគេ និងយកថ្ពាល់ទៅត្រដុសនឹងមាត់ទ្វាររបស់ពួកគេ នោះគឺជា អ្នកដឹកនាំដ៏សុចរឹត ដែលជាទីស្រឡាញ់របស់ប្រជាជន ទោះបីជាគាត់ស្ថិតក្នុងចំណោមអ្នកដែលសាហាវយង់ឃ្នងបំផុតក៏ដោយ»។( )





បងប្អូនអ្នកមានជំនឿទាំងឡាយ!


កត្តាទី ៦: ក្នុងចំណោមកត្តាដែលរក្សាគំនិតគោរពផ្នូរឲ្យនៅគង់វង្ស គឺ៖ ការកេងចំណេញខាងនយោបាយបក្សពួក ដើម្បីកៀរគរការគាំទ្រពីប្រជាជន។


ពួកសេគូឡា (Secularists) និងពួកកុម្មុយនីស្ត បានកេងចំណេញពីក្រុមស៊ូហ្វី (ដែលគោលការណ៍សំខាន់បំផុតរបស់ពួកគេគឺការលើកតម្កើងផ្នូរ)។ ក្រុមទាំងនេះបានធ្វើឲ្យអារម្មណ៍របស់មនុស្សស្ពឹកស្រពន់ និងបង្វែរការចាប់អារម្មណ៍របស់ពួកគេចេញពីការប្រកួតប្រជែង ឬការរិះគន់ពួកគេ ដោយប្រើឈ្មោះនៃ "ការប្រគល់ខ្លួន (តាវ៉ាក្កុល)" និង "ជំនឿលើវាសនា" និង "ការលះបង់កិលេស" និងការបែរខ្នងដាក់លោកិយ។


ដូច្នេះ គណបក្ស "Al-Wafd" ដែលជាបក្សសេគូឡា បានទទួលផលប្រយោជន៍ពី "ក្រុម Al-Baghdadiyyah" និងស្ហៃខរបស់គេគឺ Sayyid Afifi Al-Baghdadi ដើម្បីកៀរគរការគាំទ្រពីប្រជាជន។ ដូចគ្នាដែរ ពួកគេបានទទួលផលប្រយោជន៍ពី "ក្រុម Al-Afifiyyah" និងស្ហៃខរបស់គេគឺ អាប់ឌុលអាហ្សីស អាហ្វីហ្វី ដើម្បីកៀរគរការគាំទ្រពីប្រជាជនសម្រាប់គាត់ផងដែរ។ រឿងកំប្លែងនេះបានឈានដល់កម្រិតដែលថា សមាជិកម្នាក់នៃគណបក្សសេគូឡានេះ គឺ Ahmed Al-Sakit ( ) បានកាន់តំណែងជាប្រធាននៃក្រុមស៊ូហ្វីនោះ បន្ទាប់ពីមរណភាពរបស់ស្ហៃខរបស់វា!


មិនត្រឹមតែពួកសេគូឡាប៉ុណ្ណោះទេ ប៉ុន្តែ ពួកសង្គមនិយម (Socialists) ក៏បានរកឃើញនូវអ្វីដែលពួកគេស្វែងរកនៅក្នុងចំណោមពួកអ្នកគោរពផ្នូរដែលឆោតល្ងង់ទាំងនេះ។ ហេតុនេះហើយ នៅពេលដែលបដិវត្តន៍សង្គមនិយមបានផ្ទុះឡើងនៅអេហ្ស៊ីប ពួកគេបានកំណត់ថា តំណែងជា "ប្រធាននៃបណ្តាស្ហៃខនៃក្រុមស៊ូហ្វី" មិនអាចកាន់កាប់បានទេ លើកលែងតែមានការសម្រេចពីអ្នកដឹកនាំនយោបាយ មិនមែនដោយការសម្រេចពី "ក្រុមប្រឹក្សាជាន់ខ្ពស់" ដូចកាលពីមុនឡើយ( )។


ឱខ្ញុំបម្រើរបស់អល់ឡោះ! បន្ទាប់ពីការប៉ះទង្គិចគ្នារបស់រដ្ឋអេហ្ស៊ីបជាមួយនឹងក្រុម "Ikhwan al-Muslimin" នៅឆ្នាំ ១៩៥៤ របបដឹកនាំបានដឹងថា ខ្លួនចាំបាច់ត្រូវស្វែងរកជម្រើសថ្មីដើម្បីបង្ហាញដល់ប្រជាជន ថាជាទម្រង់នៃការកាន់សាសនាដែលរដ្ឋអាចទទួលយកបាន។ ដូច្នេះ Abdul Hakim Amer បានសម្រេចបណ្តេញ Sheikh Ahmed Al-Sawy ដែលជាប្រធានជាប់ឆ្នោតនៃបណ្តាស្ហៃខស៊ូហ្វី ហើយតែងតាំង Muhammad Muhammad Elwan (ដែលជាស្ហៃខនៃក្រុម Al-Khalwatiyyah) ជំនួសវិញ ជាប្រធានទូទៅនៃក្រុមស៊ូហ្វី។ ការនេះធ្វើឡើងក្នុងក្របខណ្ឌនៃ "ប្រព័ន្ធកែទម្រង់ក្រុមស៊ូហ្វី" ដែល Abdul Hakim Amer ជាអ្នកត្រួតពិនិត្យ។


មហាជននៃអ្នកដើរតាមក្រុមស៊ូហ្វីបានចុះចាញ់ចំពោះអ្នកកែទម្រង់ថ្មី (Abdul Hakim Amer) ហើយបានឱនក្បាលតាមការណែនាំរបស់គាត់ មិនថដោយស្ម័គ្រចិត្ត ឬដោយបង្ខំឡើយ ជាពិសេសបន្ទាប់ពីពួកគេបានឃើញពីរបៀបដែលរដ្ឋបានធ្វើចំពោះក្រុមអ៊ីស្លាមដែលធំបំផុតនិងខ្លាំងបំផុតនៅអេហ្ស៊ីប គឺក្រុម Ikhwan។


បន្ទាប់មក ក្រុមស៊ូហ្វីមានទស្សនាវដ្តីមួយដែលចេញដោយក្រុមប្រឹក្សាជាន់ខ្ពស់របស់ពួកគេ ហើយវាប្រៀបដូចជា អ្នកនាំពាក្យឲ្យរដ្ឋាភិបាល និងជាអ្នកផ្តល់ភាពត្រឹមត្រូវដល់រាល់វិធានការបដិវត្តន៍សង្គមនិយម របស់រដ្ឋាភិបាល។


មនុស្សជាច្រើនបានរកឃើញនៅក្នុងក្រុមស៊ូហ្វី នូវផ្លូវមួយដើម្បីអនុវត្តសាសនាតាមរបៀបដែលមានសុវត្ថិភាព ក្រោមឆត្ររបស់រដ្ឋាភិបាល។ ដូច្នេះ វត្តមានរបស់ស៊ូហ្វីដែលប្រកាន់បក្សពួកបានរស់រានឡើងវិញនៅក្នុងសម័យកាលនោះ ជាមួយនឹងអ្វីដែលកើតឡើងជាបន្តបន្ទាប់ ដូចជាការរីកសាយភាយនៃជំនឿឆ្វេង(ខូរ៉ហ្វាត) ការបោកប្រាស់ និង "ប៊ីទអះ"(ការបង្កើតថ្មីក្នុងសាសនា)។ ដែលទាំងអស់នេះ គណបក្សកាន់អំណាចមិនបានជឿលើវាទាល់តែសោះ ហើយក៏មិនបានជឿលើតម្លៃនៃសាសនាដ៏ត្រឹមត្រូវផ្សេងទៀតដែរ។ ប៉ុន្តែពួកគេបានរកឃើញថា នៅក្នុងស៊ូហ្វីមានច្រកចេញដើម្បីធ្វើឲ្យសាសនាអ៊ីស្លាមអស់នូវខ្លឹមសារកែទម្រង់ដ៏ពិតប្រាកដរបស់វា ដើម្បីធ្វើឲ្យវាក្លាយជា អ្នកបម្រើឲ្យគោលការណ៍សង្គមនិយមបដិវត្តន៍។


ហើយនៅពេលដែលក្រុមស៊ូហ្វីបានបង្ហាញពីភាពស័ក្តិសម និងភាពស្មោះត្រង់របស់ពួកគេជាមួយគណបក្សសង្គមនិយម អាជ្ញាធរបានជំរុញឲ្យគណបក្សនយោបាយតែមួយគត់របស់ខ្លួននៅពេលនោះ (គឺសហភាពសង្គមនិយម) ធ្វើការកេងចំណេញពីការប្រារព្ធពិធី និងសកម្មភាពនានារបស់ក្រុមស៊ូហ្វី ក្នុងការចែកចាយខិត្តប័ណ្ណ ផ្សព្វផ្សាយពាក្យស្លោក និងប្រហែលជាការប្រើប្រាស់ពាក្យចចាមអារ៉ាម ដើម្បីឃោសនាឱ្យរបបដឹកនាំ។


អាជ្ញាធរបានបន្តជំរុញកង់នៃក្រុមស៊ូហ្វីឲ្យទៅមុខ ដោយចំណាយលើនិន្នាការនៃការអំពាវនាវសាសនា(ឌាក់វះ)ផ្សេងទៀត។ រហូតដល់ថ្នាក់ពួកគេបានលើកតម្កើងបុរសម្នាក់របស់ពួកគេគឺអះម៉ាត់ រីដវ៉ាន និងបញ្ចូលគាត់ឲ្យធ្វើជាប្រធាននៃក្រុម (Al-Khalwatiyyah) ដែលរដ្ឋាភិបាលគាំទ្រខ្លាំងជាងគេ។


ហើយនៅពេលដែលស្ហៃខរបស់រដ្ឋាភិបាលរូបនេះបានស្លាប់នៅឆ្នាំ ១៩៦៧ ចេតិយមួយត្រូវបានសាងសង់សម្រាប់គាត់ ហើយ "ការ៉ម៉ាត់" (ភាពអព្ភូតហេតុ) និងរឿងអស្ចារ្យត្រូវបានគេប្រឌិតឡើងសម្រាប់គាត់។ ទេវកថាត្រូវបានត្បាញជុំវិញគាត់ ដែលមិនធ្លាប់ត្រូវបានឮចំពោះអ្នកដទៃ ហើយប្រហែលជាសាមីខ្លួនគាត់ផ្ទាល់មិនទាំងបានដឹងអ្វីសោះអំពីពួកវា ពេញមួយជីវិតរបស់គាត់។


ការគាំទ្ររបស់រដ្ឋាភិបាលចំពោះក្រុមស៊ូហ្វីនៅតែបន្តបន្ទាប់ពីសម័យកាល អាប់ឌុល ណាសៀរ រហូតដល់ក្រុមស៊ូហ្វី (ដែលមានជាង ៥០ ក្រុម) បានក្លាយជា សកម្មភាពសាសនាតែមួយគត់ដែលចំណុះឲ្យស្ថាប័នប្រធានាធិបតីដោយផ្ទាល់ និងមានកញ្ចប់ថវិកាផ្ទាល់ខ្លួននៅក្នុងរដ្ឋ។( )


លើសពីនេះ អ្នកនយោបាយបានប្រើប្រាស់គំនិតគោរពផ្នូរ ដើម្បីវាយប្រហារនិន្នាការសាសនាដែលប្រឆាំងនឹងពួកគេ។ «ទោះបីជាមានការប្រកាសរបស់អ្នកនយោបាយសេគូឡាថា មិនមានសាសនានៅក្នុងនយោបាយ ហើយមិនមាននយោបាយនៅក្នុងសាសនាក៏ដោយ ប៉ុន្តែយើងបានឃើញពួកគេ គាំទ្រពួកអ្នកគោរពផ្នូរដោយភាពឆ្លៀតឱកាសយ៉ាងច្បាស់ក្រឡែត ដោយចាត់ទុកថាវាជាទម្រង់មួយនៃ (ទម្រង់សាសនា) ដែលអាចត្រូវបានប្រើដើម្បីវាយប្រហារការភ្ញាក់រលឹកនៃសាសនាអ៊ីស្លាម (Islamic Awakening)»។


អ្នកស្រាវជ្រាវម្នាក់បាននិយាយថា៖ «របបដឹកនាំគឺមានភាពវៃឆ្លាតក្នុងកម្រិតខ្ពស់ ដោយបង្ហាញខ្លួនឯងក្នុងរូបភាពជាអ្នកការពារសាសនាអ៊ីស្លាម ប្រឈមមុខនឹងក្រុម (ហិង្សា និងភេរវកម្ម) និងអ្នកអំពាវនាវនៃ (ការនិយមជ្រុល និងការបះបោរ)។ យុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានអនុម័ត មិនមែនជាការប្រឆាំងនឹងគំនិតនៃក្រុមអ៊ីស្លាមដោយប្រើគំនិតសេគូឡានោះទេ ប៉ុន្តែផែនការគឺការប្រកួតប្រជែងនឹងក្រុមទាំងនេះនៅក្នុងលំហនៃសាសនាអ៊ីស្លាមខ្លួនឯង ដើម្បីធ្វើឲ្យជំហរមានភាពស្រពិចស្រពិល និងបិទផ្លូវនៅចំពោះមុខក្រុមទាំងនេះ។ ហេតុនេះហើយ យើងឃើញថា សុន្ទរកថាដែលរបប Mubarak បានប្រើដើម្បីប្រឈមមុខនឹងក្រុមទាំងនេះ គឺជាសុន្ទរកថាសាសនាផងដែរ ប៉ុន្តែពឹងផ្អែកលើការលើកឡើងនូវគំរូសាសនាមួយផ្សេងទៀត។ វាធ្វើឲ្យជម្លោះរវាងក្រុមអ៊ីស្លាម និងរដ្ឋាភិបាល មិនមែនជាជម្លោះរវាង អ៊ីស្លាម និង (មិនមែនអ៊ីស្លាម) នោះទេ ប៉ុន្តែជាជម្លោះលើការអនុវត្ត (អ៊ីស្លាមដែលត្រឹមត្រូវ) ដែលភាគីនីមួយៗយល់ថាខ្លួនឯងគឺជាតំណាងនៃភាពត្រឹមត្រូវនោះ»។


នៅលើមូលដ្ឋាននេះ កាលៈទេសៈសមស្របត្រូវបានបង្កើតឡើងសម្រាប់សម្ព័ន្ធភាពរវាងរបបដឹកនាំ និងក្រុមស៊ូហ្វី ដើម្បីប្រឆាំងនឹងក្រុមអ៊ីស្លាម។ របបដឹកនាំបានដណ្ដប់ខ្លួនដោយក្រុមស៊ូហ្វី ដោយចាត់ទុកថាវាជាគំរូសាសនាសម្រាប់ខ្លួន ដើម្បីកែលម្អរូបភាពរបស់ខ្លួននៅចំពោះមុខមតិសាធារណៈថាខ្លួនគោរពព្រំដែននៃសាសនា។ ចំណែកឯក្រុមស៊ូហ្វីវិញ បានជ្រកកោនជាមួយរបបដឹកនាំ ពីក្រុមអ៊ីស្លាមនយោបាយដែលគំរាមកំហែងដល់ក្រុមស៊ូហ្វី ក្នុងការដុតនិងកម្ទេចចេតិយ និងព្យាយាមរុះរើមូលដ្ឋានគ្រឹះនៃលទ្ធិស៊ូហ្វីពីឬសគល់។ ពីចំណុចនេះហើយ ទើបមន្ត្រីទទួលខុសត្រូវបានបន្តការយកចិត្តទុកដាក់របស់ពួកគេក្នុងការចូលរួមពិធីបុណ្យស៊ូហ្វីផ្សេងៗ នៅគ្រប់តំបន់នៃប្រទេសអេហ្ស៊ីប»( )។ ចប់សម្តីរបស់គាត់។





 



Recent Posts

قىلمىشنىڭ جازاسى ئۆز ...

قىلمىشنىڭ جازاسى ئۆز تۈرىدىن بولىدۇ

ۋىتىر نامىزى ۋە ئۇنىڭ ...

ۋىتىر نامىزى ۋە ئۇنىڭغا ئالاقىدار مەسىلىلەر

رامزاننىڭ ئاخىرقى ئون ...

رامزاننىڭ ئاخىرقى ئونىنى غەنىمەت بىلەيلى!

كېمىكى ئاللاھ يۇلىدا ...

كېمىكى ئاللاھ يۇلىدا بىر نەرسىدىن ۋاز كەچسە، ئاللاھ ئۇنىڭغا تېخىمۇ